អនត្តសូត្រទី ៦
ទៀបក្រុងសាវត្ថី ។ ក្នុងវត្ត ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏ សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ ម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគទ្រង់សម្តែងធម៌ដោយ សង្ខេបដល់ខ្ញុំព្រះអង្គ ។ បេ ។ គប្បីសម្រាន្តនៅ ។ ម្នាលភិក្ខុ សភាវៈណាជា អនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងសភាវៈនោះចេញ ។ បពិត្រព្រះមាន ព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគតសម្តែងហើយដោយសង្ខេប អ្នកយល់ សេចក្តីដោយពិស្តារដូចម្តេចទៅ ។ បពិត្រព្រះអង្គដ៏ចម្រើន រូបនឹងឯងជា អនត្តា ខ្ញុំព្រះអង្គត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណជាអនត្តា ខ្ញុំព្រះអង្គត្រូវលះបង់ សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ ។ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតនេះ ដែលព្រះមានព្រះភាគសម្តែងហើយដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារយ៉ាងនេះឯង ។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃ ណាស់ហើយ ត្រង់ភាសិតដែលតថាគតសម្តែងហើយដោយសង្ខេប អ្នក យល់សេចក្តីដោយពិស្តារបាន ។ ម្នាលភិក្ខុ រូបនឹងឯងជាអនត្តា អ្នកត្រូវ លះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ ។ វេទនា ។ សញ្ញា ។ សង្ខារ ទាំងឡាយ ។ វិញ្ញាណជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណ នោះចេញ ។ ម្នាលភិក្ខុ ភាសិតនេះដែលតថាគតសម្តែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង ។