សមុទយសូត្រទី ២
ក្បាលទី 21 · ទំព័រ 192
គឺបញ្ញា ដូច្នោះ ។ បទថា អបកស្សេវ កាយំ អបកស្ស ចិត្តំ សេចក្តីថា ដក គឺទាញ មក នាំចេញទៅនូវកាយផង នូវចិត្តផង ដោយការមិនធ្វើភាពស្និទ្ធស្នាលជាដើម នោះឯង ព្រោះថា ភិក្ខុណាមិននៅក្នុងព្រៃ តែត្រិះរិះកាមវិតក្កៈជាដើម ភិក្ខុ នេះឈ្មោះថា មិនដកកាយផង មិនដកចិត្តផង។ ឯភិក្ខុណា សូម្បីនៅព្រៃ តែ ត្រិះរិះនូវកាមជាដើម ភិក្ខុនេះឈ្មោះថា ដកកាយតែម្យ៉ាង តែមិនដកចិត្ត ។ ភិក្ខុណានៅក្នុងចន្លោះស្រុក តែមិនត្រិះរិះកាមវិតក្កៈជាដើម ភិក្ខុនេះ ឈ្មោះថា ដកចិត្តតែម្យ៉ាង តែមិនដកកាយ ។ ចំណែកភិក្ខុណានៅព្រៃផង មិនត្រិះរិះ កាមវិតក្កជាដើមផង ភិក្ខុនេះ ឈ្មោះថា ដកទាំង ២ ។