អដ្ឋកថា អរហន្តសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអរហន្តសូត្រទី ៤ ដូច្នេះ បទថា យាវតា ភិក្ខវេ សត្តាវាសា សេចក្តីថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា សត្តាវាសមានប្រមាណបុនណា ។ បទថា យាវតា ភវគ្គំ សេចក្តីថា ឈ្មោះថា ភវគ្គព្រហ្ម មានប្រមាណបុនណា ។ បទថា ឯតេ អគ្គា ឯតេ សេដ្ឋា សេចក្តីថា ព្រះអរហន្តទាំងឡាយនោះ ឈ្មោះថា ជា អគ្គ និងឈ្មោះ ថា សេដ្ឋ ។ បទថា យទិទំ អរហន្តោ គឺ យេមេវ អរហន្តោ នាម ប្រែថា ឈ្មោះថា ព្រះអរហន្តពួកណា ។ សូម្បីព្រះសូត្រនេះ ក៏គប្បីជ្រាបថា ចម្រើន នូវការត្រេកអរ និងក្តៅក្រហាយចិត្ត ដោយន័យនោះឯង ។ បទថា អថាបរំ ឯតទវោច សេចក្តីថា ព្រះមានព្រះភាគបានត្រាស់ព្រះតម្រាស់នោះ គឺព្រះ តម្រាស់ជាដើមថា សុខិនោ វត អរហន្តោ គឺព្រះអរហន្តទាំងឡាយ ជាសុខ ពិតហ្ន៎ ដោយគាថាទាំងឡាយដែលកំណត់សម្តែងអត្ថនោះ និងដែលកំណត់ សម្តែងអត្ថពិសេស ។ បណ្តាបទទាំងនោះ បទថា សុខិនោ គឺព្រះអរហន្តទាំងឡាយនៅជាសុខ ដោយអំណាចសេចក្តីសុខ ដែលកើតអំពីការចូលឈាន ដោយសេចក្តីសុខ ដែលកើតអំពីការសម្រេចមគ្គ និងដោយសេចក្តីសុខដែល កើតអំពីការសម្រេចផល ។ បទថា តណ្ហា តេសំ ន វិជ្ជតិ សេចក្តីថា ព្រះអរហន្តទាំងនោះ មិន មានតណ្ហាដែលជាហេតុឲ្យកើតទុក្ខក្នុងអបាយ ។ ព្រះអរហន្តទាំងនោះ ឈ្មោះ ថា ជាសុខនោះឯង ព្រោះមិនមានទុក្ខ ដែលមានតណ្ហាជាមូលនេះ ដោយ ប្រការដូច្នេះ ។ បទថា អស្មិមានោ សមុច្ឆិន្នោ សេចក្តីថា អស្មិមានះ ៩ យ៉ាង ព្រះអរហន្ត កាត់បានជាសមុច្ឆេទហើយ ដោយអរហត្តមគ្គ ។ បទថា មោហជាលំ បទាលិតំ សេចក្តីថា បណ្តាញ គឺកិលេស ព្រះអរហន្ត កម្ចាត់ហើយដោយញាណ ។ បទថា អនេជំ បានដល់ ព្រះអរហន្តជាគ្រឿងលះតណ្ហា ពោល គឺ ឯជា ។