សីហសូត្រទី ៦
ទៀបក្រុងសាវត្ថី ។ ទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈជាស្តេចម្រឹគ ចេញអំពីលំនៅក្នុងសម័យថ្ងៃរសេលោ លុះចេញ អំពីលំនៅហើយ រមែងមឹតពត់ ( កាយ ) លុះមិឹតពត់ហើយ ទើបក្រឡេក មើលទិសទាំង ៤ ជុំវិញ លុះក្រឡេកមើលទិសទាំង ៤ ជុំវិញហើយ ក៏ បន្លឺនូវសីហនាទអស់វារៈ ៣ ដង លុះបន្លឺនូវសីហនាទ ៣ ដងហើយ ទើប ត្រាច់ចរទៅរកចំណី ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆានណានីមួយ ឮ សំឡេងសត្វសីហៈជាមិគរាជ កំពុងបន្លឺ ( នូវសីហនាទ ) ហើយ ច្រើនតែ ដល់នូវសេចក្តីភិតភ័យ តក់ស្លុត ញ័រចំប្រប់ ពួកសត្វនៅរូង រមែងចូលទៅ រូងវិញ ពួកសត្វទឹកចូលទៅក្នុងទឹកវិញ ពួកសត្វព្រៃចូលទៅរកព្រៃវិញ ពួក បក្សីក៏ហើរទៅរកអាកាសវិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកដំរីណាជារបស់ ព្រះរាជា ដែលគេចងដោយចំណង គឺព្រ័ត្រដ៏មាំ ក្នុងស្រុកនិគម និងរាជធានី ដំរីទាំងនោះក៏រមែងផ្តាច់ទម្លាយចំណងទាំងនោះ ភិតភ័យលេចមូត្រ និងករីស ហើយបោលទៅផ្តេសផ្តាស ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈជាមិគរាជ មានឫទ្ធិច្រើនយ៉ាងនេះ មានសក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងសត្វតិរច្ឆានទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ កាលណា ព្រះតថាគត ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាស្តាសាចារ្យនៃ ពួកទេវតា និងមនុស្ស ត្រាស់ដឹងនូវចតុរារិយសច្ច លែងត្រឡប់មកកាន់ភព ថ្មីទៀត ទ្រង់កើតឡើងក្នុងលោក ព្រះអង្គតែងសម្តែងថា រូបដូច្នេះ ការកើត នៃរូបដូច្នេះ សេចក្តីវិនាសនៃរូបដូច្នេះ វេទនាដូច្នេះ ។