រាជសីហ៍ ៤ ពួក

ក្បាលទី 21 · ទំព័រ 767

រាជសីហ៍ ៤ ពួក គប្បីជ្រាបវិនិច្ឆ័យក្នុងសីហសូត្រទី ៦ ដូចទៅនេះ បទថា សីហោ បានដល់ រាជសីហ៍ ៤ ពួក គឺតិណរាជសីហ៍ ១ ពួក កាលរាជសីហ៍ ១ ពួក បណ្ឌុរាជសីហ៍ ១ ពួក កេសររាជសីហ៍ ១ ពួក ។ បណ្តារាជសីហ៍ ៤ ពួកនោះ តិណរាជសីហ៍ មានរូបរាងដូចមេគោ ពណ៌ស្រដៀងសត្វព្រាប ស៊ីស្មៅជាអាហារ ។ កាលរាជសីហ៍ មានរូបរាងដូចមេគោខ្មៅ ស៊ីស្មៅជាអាហារដូចគ្នា ។ បណ្ឌុរាជសីហ៍ មានរូបរាងដូចមេគោ ពណ៌ស្រដៀងស្លឹកឈើទុំ ស៊ី សាច់ជាអាហារ ។ កេសររាជសីហ៍ ប្រកបដោយលក្ខណៈ គឺមុខមាត់ស្អាតល្អ ដូចមានគេ យកទឹកល័ខមកតាក់តែង កន្ទុយមានចុងស្អាត មួយអន្លើដោយចុងជើងទាំង ៤ តាំងអំពីក្បាលចុះទៅ មានជួរប្រាកដ ៣ ជួរ ហាក់ដូចមានបុគ្គល ណាម្នាក់មករចនា ដោយទឹកល័ខ វណ្ណជាតិ និងហិង្គុជាតិ ជួរទាំង ៣ នោះ ឆ្លងតាមខ្នងទៅ រហូតដល់ភ្លៅ ជាទក្ខិណាវដ្ត ។ ត្រង់គល់ករបស់កេសរសីហៈនោះ មានរោមឡើងជាកម្រង ដូចប្រដាប់ ដោយសំពត់កម្ពលតម្លៃមួយសែន ឯទីដ៏សេសក្នុងរាងកាយ មានពណ៌ស បរិសុទ្ធ ដូចម្សៅស្រូវសាលី និងលំអិតនៃស័ង្ខ ។ បណ្តារាជសីហ៍ទាំង ៤ ពួកនេះ កេសររាជសីហ៍នេះ ព្រះមានព្រះភាគ ទ្រង់បំណងយកហើយ ក្នុងសូត្រនេះ ។ បទថា មិគរាជា បានដល់ ជាស្តេចនៃពួកម្រឹគ ។ បទថា អាសយា ប្រែថា អំពីលំនៅ អធិប្បាយថា កេសររាជសីហ៍ រមែងចេញទៅអំពីគុហាមាស ឬអំពីគុហាប្រាក់ គុហាកែវមណី គុហាកែវ ផលិក និងគុហាមនោសិលា ។ កេសររាជសីហ៍កាលនឹងចេញទៅអំពីលំនៅ រមែងចេញទៅដោយហេតុ ៤ ប្រការ គឺត្រូវងងឹត ចេញទៅដើម្បីត្រូវការពន្លឺ ឈឺបន្ទោបង់ឧច្ចារបស្សាវៈ ចេញទៅដើម្បីបន្ទោបង់ឧច្ចារបស្សាវៈ ត្រូវឃ្លានគ្របសង្កត់ ចេញទៅដើម្បី ប្រមាញ់ម្រឹគ ឬត្រូវទឹកសម្ភពគ្របសង្កត់ ចេញទៅដើម្បីសេពអស្សទ្ធម្ម