ខជ្ជនិយសូត្រ

ក្បាលទី 21 · ទំព័រ 780

ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកសមណៈ ឬព្រាហ្មណ៍ណាមួយ រពឫកឃើញ រមែងរពឫកឃើញ នូវបុព្វេនិវាស មានប្រការផ្សេងៗ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែង រពឫកឃើញនូវឧបាទានក្ខន្ធ ៥ ឬបណ្តាឧបាទានក្ខន្ធទាំង ៥ នោះ រពឫកឃើញ នូវឧបាទានក្ខន្ធណាមួយ ។ ឧបាទានក្ខន្ធទាំង ៥ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ កាលបើសមណព្រាហ្មណ៍រពឫកឃើញ រមែងរពឫកឃើញនូវរូប ដូច្នេះថា អាត្មាអញមានរូបយ៉ាងនេះ ក្នុងកាលជាអតីត ។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍រពឫកឃើញ រមែងរពឫកឃើញនូវវេទនា ដូច្នេះថា អាត្មាអញមានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត ។ អាត្មាអញមាន សញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត ។ អាត្មាអញមានសង្ខារយ៉ាងនេះ ក្នុង កាលជាអតីត ។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍រពឫកឃើញ រមែងរពឫកឃើញនូវវិញ្ញាណដូច្នេះថា អាត្មាអញមានវិញ្ញាណយ៉ាងនេះ ក្នុង កាលជាអតីត ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយហៅថា រូប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថា រូប ។ ចុះវិនាសដោយអ្វី ។ វិនាសដោយត្រជាក់ក៏មាន វិនាសដោយក្តៅក៏មាន វិនាសដោយគំលានក៏មាន វិនាសដោយសម្រេកក៏មាន វិនាសដោយសម្ផស្ស នៃរបោម មូស ខ្យល់ និងកម្តៅថ្ងៃ ពស់តូចពស់ធំក៏មាន ។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថា រូប ។ ម្នាលភិក្ខុទាំងឡាយ ចុះ អ្នកទាំងឡាយហៅថា វេទនា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ណារងនូវអារម្មណ៍ ធម្មជាតនោះ ហៅថា វេទនា ។ ចុះធម្មជាតនោះរងអ្វី ខ្លះ ។ រងនូវសុខក៏មាន រងនូវទុក្ខក៏មាន រងនូវអទុក្ខមសុខក៏មាន ។ ម្នាល ភិក្ខុទាំងឡាយ ធម្មជាតណា រងនូវអារម្មណ៍ ធម្មជាតិនោះ ហៅថា វេទនា ។