បាលិលេយ្យសូត្រទី ៩

ក្បាលទី 21 · ទំព័រ 825

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះឯង ព្រះមានព្រះភាគទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាតក្នុងក្រុងកោសម្ពីហើយ ត្រឡប់មកពីបិណ្ឌបាត ( ធ្វើ ភត្តកិច្ចស្រេចហើយ ) ក្នុងពេលជាខាងក្រោយភត្ត ទ្រង់រេបោចំទុកដាក់ សេនាសនៈដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គឯង ឥតមានបុគ្គលជាគម្រប់ ២ ចៀស ចេញទៅកាន់ចារិក ។ គ្រានោះឯង ភិក្ខុ ១ រូប កាលព្រះមានព្រះភាគ ចៀសចេញ ទៅមិនយូរប៉ុន្មាន ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយនិយាយ នឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអានន្ទ ចូរអ្នក មកអាយ ព្រះមានព្រះភាគ រេបោចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយ ព្រះអង្គឯង ឥតមានបុគ្គលជាគម្រប់ ២ ស្តេចទៅកាន់ចារិកហើយ ។ ម្នាល អាវុសោ ព្រះមានព្រះភាគ រេបោចំទុកដាក់សេនាសនៈដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយ ព្រះអង្គ ឥតមានបុគ្គលជាគម្រប់ ២ ស្តេចទៅកាន់ចារិក ក្នុងសម័យណា ព្រះមានព្រះភាគ ចង់នៅតែមួយព្រះអង្គឯង ក្នុងសម័យនោះ ព្រះមានព្រះភាគ មិនឲ្យបុគ្គលណាមួយទៅតាមព្រះអង្គ ក្នុងសម័យនោះ ។