បុណ្ណមសូត្រទី ១០

ក្បាលទី 21 · ទំព័រ 841

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់នាងវិសាខាជាមិគារមាតា នាបុព្វារាម ជិតក្រុងសាវត្ថី មួយអន្លើដោយ ភិក្ខុសង្ឃច្រើនរូប ។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាល នារាត្រីមានព្រះចន្ទពេញវង់ ក្នុងថ្ងៃពេញបូណ៌មី ជាឧបោសថទី ១៥ ។ គ្រានោះ ភិក្ខុ ១ រូប ក្រោកចាកអាសនៈ ធ្វើចីវរឆៀង ស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើព្រះមានព្រះភាគ ទ្រង់ធ្វើឱកាស បម្រុងនឹងដោះស្រាយប្រស្នារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ សូមទូលសួរហេតុ នីមួយ ចំពោះព្រះមានព្រះភាគ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកប្រាថ្នានឹងសួរប្រស្នាណា ចូរអ្នកអង្គុយលើអាសនៈជារបស់ខ្លួន ហើយសួរប្រស្នានោះចុះ ។ ភិក្ខុនោះទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមាន ព្រះភាគថា ព្រះករុណាព្រះអង្គ ហើយអង្គុយលើអាសនៈជារបស់ខ្លួន ក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ឧបាទានក្ខន្ធនេះ មាន ៥ ឬហ្ន៎ ។ ឧបាទានក្ខន្ធ ៥ ដូចម្តេចខ្លះ ។ គឺឧបាទានក្ខន្ធ គឺរូប ១ ឧបាទានក្ខន្ធ គឺវេទនា ១ ឧបាទានក្ខន្ធ គឺសញ្ញា ១ ឧបាទានក្ខន្ធ គឺសង្ខារ ១ ឧបាទានក្ខន្ធ គឺវិញ្ញាណ ១ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ នេះឯង ជាឧបាទានក្ខន្ធ ៥ ។ ឧបាទានក្ខន្ធ ៥ ដូចម្តេចខ្លះ ។ គឺឧបាទានក្ខន្ធ គឺរូប ១ ។