អានន្ទសូត្រទី ១
ទ្រង់គង់នៅជិតក្រុងសាវត្ថី ។ ក្នុងវត្ត ។ ក្នុងទីនោះ ព្រះអានន្ទ មានអាយុ ហៅភិក្ខុទាំងឡាយថា អាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុ អម្បាលនោះ ទទួលថេរវាចារបស់ព្រះអានន្ទមានអាយុថា អាវុសោ ។ ព្រះអានន្ទ មានអាយុ និយាយដូច្នេះថា អាវុសោទាំងឡាយ ព្រះបុណ្ណមន្តានីបុត្ត មានអាយុ លោកមានឧបការៈច្រើនដល់យើងទាំងឡាយ ដែលជាភិក្ខុថ្មីច្រើន រូប លោកតែងទូន្មានយើងទាំងឡាយ ដោយឱវាទនេះថា ម្នាលអាវុសោ អានន្ទ សេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះអាស្រ័យហេតុ មិនមាន ព្រោះមិនអាស្រ័យហេតុ ។ ចុះសេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះ អាស្រ័យហេតុអ្វី មិនមាន ព្រោះមិនអាស្រ័យហេតុអ្វី ។ សេចក្តីប្រកាន់ថា អញ រមែងមាន ព្រោះអាស្រ័យរូប មិនមាន ព្រោះមិនអាស្រ័យរូប ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ សេចក្តីប្រកាន់ថាអញ រមែងមាន ព្រោះអាស្រ័យវិញ្ញាណ មិនមាន ព្រោះមិនអាស្រ័យវិញ្ញាណ ។ ម្នាល អាវុសោអានន្ទ ស្ត្រី ឬបុរស កំពុងពេញកំលោះ ពេញក្រមុំ មានជាតិជា អ្នកចូលចិត្តនូវការល្អិតស្អាង ការពិនិត្យមើលនិមិត្តមុខរបស់ខ្លួន ក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាត ឬក្នុងភាជនៈទឹកដ៏ថ្លា ក៏ឃើញព្រោះអាស្រ័យកញ្ចក់ ឬភាជនៈ ទឹក មិនឃើញ ព្រោះមិនអាស្រ័យកញ្ចក់ ឬភាជនៈទឹក ដូចម្តេចមិញ ។ ម្នាលអាវុសោអានន្ទ សេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះអាស្រ័យរូប មិនមាន ព្រោះមិនអាស្រ័យរូប ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ សេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះអាស្រ័យវិញ្ញាណ មិនមាន ព្រោះ មិនអាស្រ័យវិញ្ញាណ ក៏ដូច្នោះដែរ ។ ម្នាលអាវុសោអានន្ទ អ្នកយល់សេចក្តី នោះដូចម្តេច រូបទៀង ឬមិនទៀង ។