អដ្ឋកថា អានន្ទសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងអានន្ទសូត្រទី ១ នៃថេរវគ្គ ដូចតទៅនេះថា កូនរបស់នាងព្រាហ្មណី ឈ្មោះមន្តានី ឈ្មោះថា មន្តានីបុត្រ ។ បទថា ឧបទាយ ប្រែថា អាស្រ័យ គឺប្រារព្ធ បានដល់ បំណង គឺពឹងពាក់ ។ បទថា អស្មីតិ ហោតិ សេចក្តីថា មានធម៌ជា គ្រឿងយឺតយូរ ៣ យ៉ាង គឺតណ្ហា មានះ និងទិដ្ឋិ ដែលប្រព្រឹត្តទៅយ៉ាងនេះ ថា អស្មិ គឺអញមាន អញកើត ។ បទថា ទហរោ ប្រែថា កំលោះ ។ បទថា យុវា បានដល់ ដល់ព្រមដោយភាពកំលោះ ។ បទថា មណ្ឌកជាតិយោ ប្រែថា មានការតែងខ្លួនជាសភាវៈ គឺមាន ប្រក្រតីចូលចិត្តតែងខ្លួន ។ បទថា មុខនិមិត្តំ ប្រែថា ស្រមោលមុខ ។ ស្រមោលនោះអាស្រ័យកញ្ចក់ដែលថ្លាស្អាត ទើបប្រាកដ ។ សួរថា កាលបុគ្គលសម្លឹងមើលកញ្ចក់ថ្លាស្អាតនោះ ស្រមោលរបស់ខ្លួន ប្រាកដ ឬស្រមោលអ្នកដទៃប្រាកដ អាចារ្យទាំងឡាយពោលថា បើស្រមោល ជារបស់ខ្លួនសោត ហេតុអ្វី នឹងត្រូវប្រាកដជាមុខដទៃមួយទៀត ហើយបើ ស្រមោលជារបស់អ្នកដទៃសោត ក៏នឹងត្រូវប្រាកដមិនដូចគ្នា ដោយពណ៌ជាដើម ព្រោះដូច្នោះ ទើបមិនជារបស់ខ្លួនផង មិនជារបស់អ្នកដទៃផង តែរូប ដែលឃើញក្នុងកញ្ចក់នោះ អាស្រ័យកញ្ចក់ ទើបប្រាកដ ។ សួរថា បើមាន ស្រមោលណាប្រាកដក្នុងទឹក ស្រមោលនោះប្រាកដបាន ព្រោះហេតុអ្វី ឆ្លើយ ថា ប្រាកដបាន ព្រោះមហាភូតរូប គឺទឹកជារបស់ថ្លាស្អាត ។ បទថា ធម្មោ ច មេ អភិសមេកោ សេចក្តីថា ព្រះអានន្ទត្ថេរពោលថា ខ្ញុំបានសម្រេចធម៌ គឺសច្ចៈ ៤ ដោយញាណ ទើបខ្ញុំសម្រេចជាព្រះសោតាបន្ន ។