អដ្ឋកថា អនុរាធសូត្រទី ៤

ក្បាលទី 21 · ទំព័រ 885

គប្បីជ្រាបវិនិច្ឆ័យក្នុងអនុរាធសូត្រទី ៤ ដូចតទៅនេះ បទថា អរញ្ញកុដិកាយំ បានដល់ ក្នុងបណ្ណសាលា ខាងចុងវិហារនោះ ឯង ។ បទថា តំ តថាគតោ គឺព្រះតថាគតជាសាស្តារបស់អ្នក ទាំងឡាយ ។ បទថា អញ្ញត្រិមេហ សេចក្តីថា បានឮថា អនុរាធភិក្ខុនោះ មានការគិតដូច្នេះថា តិរ្ថិយទាំងនេះ ជាបដិបក្ខជំទាស់ចំពោះព្រះសាសនា ព្រះសាស្តា ទ្រង់មិនបញ្ញត្ត ដូចដែលតិរ្ថិយទាំងនេះពោល ដូច្នោះ ទើបលោក ពោលយ៉ាងនោះ ។ បទថា ឯវំ វុត្តេ តេ អញ្ញតិត្ថិយា សេចក្តីថា កាលព្រះថេរៈពោល បែបមិនដឹងលទ្ធិរបស់ខ្លួន និងរបស់អ្នកដទៃយ៉ាងនេះ បរិព្វាជកដែលជាតិរ្ថិយ ទាំងនោះ ដឹងត្រឹមតែលទ្ធិក្នុងសាសនារបស់ខ្លួនតែម្យ៉ាង បំណងនឹងឲ្យទោស គឺចាប់កំហុសក្នុងវាទៈរបស់ព្រះថេរៈ ទើបបានពោលពាក្យ នេះនឹងអនុរាធភិក្ខុ ។ បទថា កឹ តំ មញ្ញសិ អនុរាធ សេចក្តីថា ព្រះសាស្តាទ្រង់ ស្តាប់ពាក្យរបស់អនុរាធភិក្ខុនោះហើយ ទ្រង់ព្រះតម្រិះថា ភិក្ខុនេះមិនស្គាល់ ទោសក្នុងលទ្ធិរបស់ខ្លួន តែលោកជាអ្នកធ្វើ បានបំពេញព្យាយាមមកហើយ តថាគតនឹងឲ្យភិក្ខុនេះ ដឹងយ៉ាងនេះ ដោយការសម្តែងធម៌ ។ ព្រះសាស្តាបំណងនឹងសម្តែងទេសនា មានបរិវដ្តៈ ៣ ទើបត្រាស់ពាក្យ ថា តំ កឹ មញ្ញសិ អនុរាធ ជាដើម ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់លើកបដិបទាដើម្បីបំពេញឲ្យបាន ជាព្រះអរហន្តដល់អនុរាធភិក្ខុនោះ ដោយទេសនានោះ ទើបត្រាស់ថា តំ កឹ មញ្ញសិ អនុរាធ រូបំ តថាគតោ ម្នាលអនុរាធ អ្នកសម្គាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញរូប ថាជាសត្វឬ ដូច្នេះជាដើម ។