អដ្ឋកថា អស្សជិសូត្រទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងអស្សជិសូត្រទី ៦ ដូចតទៅនេះ បទថា កស្សបការាមេ បានដល់ ក្នុងអារាមដែលកស្សបសេដ្ឋីសាងថ្វាយ ។ បទថា កាយសង្ខារេ បានដល់ ខ្យល់ដង្ហើមចូល-ចេញ ។ ព្រះអស្សជិនោះ រម្ងាប់ខ្យល់ដង្ហើមចូល-ចេញទាំងនោះ ដោយចតុត្ថជ្ឈាន ។ បទថា ឯវំ ហោតិ សេចក្តីថា ឥឡូវនេះ កាលខ្ញុំព្រះអង្គមិនបានសមាធិនោះ ទើបមានការគិតយ៉ាងនេះ ។ បទថា នោ ច ខ្វាហំ បរិហាយាមិ សេចក្តីថា អាត្មាអញមិនវិនាសចាកសាសនា ឬវិនាសហ្ន៎ ។ បានឮថា សមាបត្តិរបស់ លោកចុះស៊ប់ ចុះស៊ប់ហើយ សាបសូន្យទៅ ព្រោះទោស គឺអាពាធ ព្រោះ ហេតុនោះ ទើបលោកគិតយ៉ាងនេះ ។ បទថា សមាធិសារកា សមាធិសាមញ្ញា សេចក្តីថា សមាធិនោះឯង ជាសារៈ និងជាសាមញ្ញផល តែក្នុងសាសនារបស់តថាគត តថាគតនៅមិន ទាន់ជាសារៈ វិបស្សនា មគ្គ និងផលជាដើមឯណោះទេ ជាសារៈ អ្នកកាល វិនាសសមាធិ ហេតុអ្វី ទើបគិតថា អញវិនាសចាកសាសនា ។ ព្រះមានព្រះភាគ កាលលួងលោមព្រះថេរៈយ៉ាងនេះហើយ ឥឡូវនេះ កាលទ្រង់ផ្តើមធម្មទេសនា ដោយបរិវដ្តៈ ៣ ដល់ព្រះថេរៈនោះ ទើបត្រាស់ ពាក្យថា តំ កឹ មញ្ញសិ ជាដើម ។ បន្ទាប់មក កាលទ្រង់សម្តែងវិហារធម៌ ដល់ព្រះថេរៈនោះ ដែលសម្រេចជាព្រះអរហន្ត ក្នុងវេលាចប់ទេសនា មាន បរិវដ្តៈ ៣ ទើបត្រាស់ពាក្យថា សោ សុខព្ចោ វេទនំ វេទយតិ ។ បណ្តាបទទាំងនោះ ក្នុងបទថា អនភិនន្ទិតា បជានាតិ គប្បីជ្រាប អធិប្បាយថា សួរថា សុខវេទនាមានការត្រេកអរ ចូរលើកទុកសិនចុះ ឯទុក្ខវេទនាមានការត្រេកអរដូចម្តេច ឆ្លើយថា បុគ្គលជួបនូវទុក្ខហើយ រមែងប្រាថ្នា សុខ គឺប្រាថ្នាទុក្ខនោះឯង ព្រោះទុក្ខមកដល់ ព្រោះសុខប្រែប្រួលទៅ អ្នកសិក្សា គប្បីជ្រាបការត្រេកអរក្នុងទុក្ខយ៉ាងនេះ ។