អដ្ឋកថា ខេមកសូត្រទី ៧

ក្បាលទី 21 · ទំព័រ 916

គប្បីជ្រាបវិនិច្ឆ័យក្នុងខេមកសូត្រទី ៧ ដូចតទៅនេះ បទថា អត្តនិយំ បានដល់ ដែលជាបរិក្ខាររបស់ខ្លួន ។ បទថា អស្មីតិ អធិគតំ សេចក្តីថា អញជួបជាមួយតណ្ហា និងមានះ ដែលប្រព្រឹត្តទៅយ៉ាងនេះថា អញមាន អញកើត ។ បទថា សន្ធាវនិកាយ បានដល់ ដោយការទៅមករឿយៗ ។ បទថា ឧបសង្កមិ សេចក្តីថា ព្រះខេមកៈនិមន្តអំពីវត្ត ពទរិការាម ទៅកាន់វត្តឃោសិតារាមប្រមាណ ៣ គាវុត ចំណែកព្រះ ទាសកត្ថេរ ថ្ងៃនោះ ធ្វើដំណើរជិតដល់ ២ យោជន៍ ដោយការទៅមក ដល់ទៅ ៤ ដង ។ សួរថា ព្រោះហេតុអ្វី ទើបព្រះថេរៈទាំងឡាយបញ្ជូនព្រះទាសកៈនោះ ទៅកាន់សម្នាក់ខេមកភិក្ខុ ដោយបំណងថា យើងទាំងឡាយនឹងរង់ចាំស្តាប់ ធម៌អំពីសំណាក់ព្រះធម្មកថិក ដែលមានឈ្មោះល្បីឬ ព្រោះហេតុអ្វី ទើបលោក មិនទៅខ្លួនឯង ឆ្លើយថា ព្រៃដែលជាលំនៅរបស់ព្រះថេរៈចង្អៀត ព្រោះក្នុង ព្រៃនោះ មានព្រះថេរៈដល់ទៅ ៦០ រូប មិនមានទីទំនេរ ល្មមឈរ ឬអង្គុយ បាន ព្រោះដូច្នោះ ទើបភិក្ខុទាំងនោះមិនទៅឯង បញ្ជូនតែទាសកភិក្ខុទៅ ដោយ បំណងថា សូមព្រះខេមកៈមកសម្តែងធម៌ដល់យើងទាំងឡាយក្នុងទីនេះ ។ ម្យ៉ាងទៀត សួរថា ព្រោះហេតុអ្វី ទើបព្រះថេរៈទាំងឡាយបញ្ជូន ទាសកភិក្ខុនោះទៅ ឆ្លើយថា ព្រោះព្រះថេរៈឈ្មោះខេមកៈអាពាធ ។ សួរថា បើដូច្នោះ ព្រោះហេតុអ្វី ទើបបញ្ជូនទៅម្តងហើយម្តងទៀត ឆ្លើយថា បញ្ជូនទៅ ក៏ដោយបំណងថា ព្រះខេមកៈជ្រាបហើយ នឹងមក សម្តែងធម៌ដល់យើងទាំងឡាយដោយខ្លួនឯងនោះឯង ។ ឯខេមកត្ថេរជ្រាបអធ្យាស្រ័យ របស់ព្រះថេរៈទាំងនោះហើយ ទើបធ្វើ ដំណើរទៅឯង ។ បទថា ន ខ្វាហំ អាវុសោ រូបំ សេចក្តីថា ភិក្ខុណាពោលចំពោះរូបថា ជាអញ ខន្ធ ៤ ក្រៅអំពីនេះ ក៏ឈ្មោះថា ភិក្ខុនោះពោលបដិសេធហើយ ។