អដ្ឋកថា នទីសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងនទីសូត្រទី ១ នៃបុប្ផវគ្គ ដូចតទៅនេះថា បទថា បព្វតេយ្យា ប្រែថា ប្រព្រឹត្តទៅក្នុងភ្នំ ។ បទថា ឱហារិនី សេចក្តីថា កួចយកនូវស្មៅ ស្លឹកឈើ និងអង្កត់ឧសជាដើម ដែល ជ្រុះចូលទៅក្នុងក្រសែទឹកហូរមកខាងក្រោម ។ បទថា ទូរង្គមា សេចក្តីថា មានប្រក្រតីហូរទៅបានរហូត ៤០០ យោជន៍ ឬ ៥០០ យោជន៍ រាប់តាំង អំពីប្រភពដើមដែលហូរមក ។ បទថា សីឃសោតា ប្រែថា មានក្រសែ ខ្មួលខ្មាញ់ ។ បទថា កាសា ជាដើម សំដៅដល់តិណជាតិទាំងឡាយ ។ បទថា រុក្ខា បានដល់ ដើមឈើគុម្ព មានល្ហុងខ្វងជាដើម ។ បទថា តេ នំ អជ្ឈោលម្ពេយ្យុំ សេចក្តីថា ដើមឈើទាំងនោះ សូម្បីដុះនៅត្រង់ច្រាំង ទេរ ចុះទៅ មានត្រួយប៉ប្រះទឹកសំយុងចុះ អធិប្បាយថា សំយុងខាងលើទឹក ។ បទថា បលុជ្ជេយ្យុំ សេចក្តីថា គប្បីរលំចុះទៅលើក្បាល ព្រមទាំងដី ដែលជាប់ឫស បុរសនោះ ត្រូវស្មៅទាំងនោះរលំសង្កត់ហើយ មានទឹកលើ ខ្សាច់ លើដីហូរចូលមាត់បុរសនោះ ក៏គប្បីជួបនូវសេចក្តីវិនាសយ៉ាងធ្ងន់ ។ ក្នុងបទថា ឯវមេវ ខោ នេះ មានអធិប្បាយថា ពាលបុថុជ្ជន ដែល អាស្រ័យវដ្តៈ គប្បីឃើញដូចបុរសដែលធ្លាក់ចុះទៅក្នុងខ្សែទឹក ។ បញ្ចក្ខន្ធ ដែលទុព្វល គប្បីឃើញដូចដើមល្ហុងខ្វងជាដើម ដែលដុះនៅតាមមាត់ទឹកទាំង សងខាង ។ ការដែលពាលបុថុជ្ជនមិនដឹងតាមសេចក្តីពិតថា ខន្ធទាំងនេះ មិនមែនជា សម្លាញ់របស់អញទេ ហើយប្រកាន់ដោយឧបាទាន ៤ គប្បីឃើញដូចការ ដែលបុរសនោះតោងដើមឈើ ព្រោះមិនដឹងថា ដើមឈើទាំងនេះ កាល តោងហើយ ក៏មិនអាចទទួលទម្ងន់របស់ខ្លួនបាន ។