អដ្ឋកថា បុប្ផសូត្រទី ២

ក្បាលទី 21 · ទំព័រ 939

គប្បីជ្រាបវិនិច្ឆ័យក្នុងបុប្ផសូត្រទី ២ ដូចតទៅនេះ បទថា វិវទតិ សេចក្តីថា សត្វលោកកាលពោលថា ទៀង ជាសុខ ជាអត្តា ស្អាត ឈ្មោះថា ពោលជំទាស់នឹងតថាគត ដែលពោលតាមសេចក្តីពិតថា មិនទៀង ជាទុក្ខ ជាអនត្តា មិនស្អាត ។ បទថា លោកធម្មោ បានដល់ ខន្ធបញ្ចកៈ ។ ឯខន្ធបញ្ចកៈ នោះ ហៅថា លោកធម៌ ព្រោះមានការបែកធ្លាយជាសភាវៈ ។ ដោយបទថា កិន្តិ ករោមិ សេចក្តីថា ព្រះមានព្រះភាគទ្រង់សម្តែងថា តថាគតនឹងធ្វើដូចម្តេច ព្រោះថា តថាគតមានកិច្ចចំពោះតែការប្រាប់បដិបទា ចំណែកការបំពេញបដិបទាជាកិច្ចរបស់កុលបុត្រទាំងឡាយ ។ ដោយហេតុផលដូចពោលមកនេះ ព្រះមានព្រះភាគត្រាស់លោក ៣ ក្នុងសូត្រនេះ គឺត្រាស់សត្វលោកក្នុងបទនេះថា នាហំ ភិក្ខវេ លោកេន ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលជំទាស់ជាមួយលោក ។ ត្រាស់សង្ខារលោកក្នុងបទនេះថា អត្ថិ ភិក្ខវេ លោកេ លោកធម្មោ ម្នាលភិក្ខុទាំងឡាយ មានលោកធម៌នៅក្នុងលោក ។ និងត្រាស់ឱកាសលោក ក្នុងបទថា តថាគតោ លោកេ ជាតោ លោកេ សំវឌ្ឍោ ព្រះតថាគតកើតឡើងក្នុង លោក ចម្រើនក្នុងលោក ។