អដ្ឋកថា ផេណបិណ្ឌូបមសូត្រទី ៣
គប្បីជ្រាបវិនិច្ឆ័យក្នុងផេណបិណ្ឌូបមសូត្រទី ៣ ដូចតទៅ នេះ បទថា គង្គាយ នទិយា តីរេ សេចក្តីថា ពួកអ្នកស្រុកអយុធ្យាឃើញ ព្រះតថាគត មានភិក្ខុជាច្រើនជាបរិវារ ត្រាច់ចារិកមកដល់ក្រុងរបស់ខ្លួន ទើប នាំគ្នាសាងវត្តថ្វាយ ព្រះសាស្តាក្នុងប្រទេស ដែលដេរដាសទៅដោយព្រៃ ស្រោងធំ ត្រង់ទីមួយកន្លែង ដែលស្ទឹងគង្គាហូរមក ។ ព្រះមានព្រះភាគ ប្រថាប់នៅក្នុងវិហារនោះ ព្រះសង្គីតិកាចារ្យសំដៅយកវិហារនោះ ទើបពោល ថា គង្គាយ នទិយា តីរេ ដូច្នេះ ។ បទថា តត្រ ខោ ភគវា ភិក្ខូ អាមន្តេសិ សេចក្តីថា ព្រះមានព្រះភាគ ប្រថាប់នៅក្នុងវិហារនោះ ពេលល្ងាច ទ្រង់ចេញអំពីព្រះគន្ធកុដិ ទៅប្រថាប់ គង់លើបវរពុទ្ធាសនៈ ដែលអ្នកស្រុករៀបចំនៅត្រង់ច្រាំងស្ទឹងគង្គា ទតឃើញ ដុំពពុះទឹកធំអណ្តែតមកក្នុងស្ទឹងគង្គា ទើបទ្រង់ព្រះតម្រិះថា តថាគតនឹងសម្តែង ធម៌មួយ ដែលទាក់ទងនឹងបញ្ចក្ខន្ធក្នុងសាសនារបស់តថាគត ដូច្នេះហើយ បានត្រាស់ហៅភិក្ខុទាំងឡាយ ដែលអង្គុយជុំជិត ។ បទថា មហន្តំ ផេណបិណ្ឌំ សេចក្តីថា ពពុះទឹកផ្តើមតាំងអំពីទំហំបុនផ្លែ ពុទ្រា រហូតដល់បុនកង់រថ ក្នុងគ្រាដំបូងកើតឡើងហើយ កាលត្រូវក្រសែទឹក នាំទៅ ក៏ផ្តុំគ្នាធំឡើងតាមលំដាប់ រហូតដល់បុនកំពូលភ្នំ ដែលសត្វជាច្រើន មានពស់ទឹកជាដើមអាស្រ័យនៅ បានដល់ ពពុះទឹកដែលធំដល់ម្លេះ ។ បទថា អាវហេយ្យ ប្រែថា គប្បីនាំមក ។ ពពុះទឹកនេះ រមែងបែកទៅ ត្រង់ទីដែលកើតនោះខ្លះ អណ្តែតទៅបានបន្តិច ទើបបែកខ្លះ អណ្តែតទៅបាន