អដ្ឋកថា គោមយបិណ្ឌសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងគោមយបិណ្ឌសូត្រទី ៤ ដូចតទៅនេះ បទថា សស្សតិសមំ បានដល់ ស្មើដោយសស្សតិវត្ថុទាំងឡាយ មានភ្នំ សិនេរុ មហាបឋវី ព្រះចន្ទ និងព្រះអាទិត្យជាដើម ។ បទថា បរិត្តំ គោមយបិណ្ឌំ បានដល់ ដុំគោម័យ គឺមូល គោ មានប្រមាណតូច ទំហំបុនផ្កាស្រគំ សួរថា ដុំគោម័យនេះ ព្រះតថាគត បានមកអំពីណា ឆ្លើយថា ទ្រង់ច្បិចយកមកអំពីដុំគោម័យ ដែលភិក្ខុនោះនាំមក ដើម្បីបូកសេនាសនៈ ។ អាចារ្យពួកខ្លះពោលថា គប្បីជ្រាបថា ដុំគោម័យ ព្រះមានព្រះភាគ ទ្រង់ ប្រើបឫទ្ធិឲ្យអណ្តែតមកនៅក្នុងព្រះហស្ត ដើម្បីឲ្យភិក្ខុបានយល់ន័យព្រះធម្មទេសនាបានច្បាស់លាស់ ។ បទថា អត្តភាវប្បដិលាភោ បានដល់ បាននូវអត្តភាព ។ បទថា នយិទំ ព្រហ្មចរិយវាសោ បញ្ញាយេថ សេចក្តីថា ឈ្មោះថា ការនៅប្រព្រឹត្ត មគ្គព្រហ្មចរិយៈនេះ មិនគប្បីប្រាកដ ព្រោះថា មគ្គកើតឡើង ធ្វើសង្ខារដែល ប្រព្រឹត្តទៅក្នុងភូមិ ៣ ឲ្យឈប់ គឺឲ្យគាំង បើអត្តភាពត្រឹមបុណ្ណេះគប្បីទៀង សោត មគ្គ កាលកើតឡើង ក៏មិនអាចធ្វើសង្ខារវដ្តឲ្យឈប់បាន ព្រោះហេតុ នោះ ការនៅប្រព្រឹត្តព្រហ្មចរិយៈ មិនគប្បីប្រាកដ ។ ឥឡូវនេះ កាលទ្រង់សម្តែងថា បើសង្ខារណាមួយ គប្បីទៀងសោត សម្បត្តិដែលតថាគតធ្លាប់គ្រប់គ្រង កាលនៅជាមហាសុទស្សនរាជ ក៏គប្បី ទៀងទាត់ តែសម្បត្តិនោះមិនទៀង ទើបព្រះអាទិច្ចវង្សត្រាស់បទថា ភូត- បុព្វាហំ ភិក្ខុ រាជា អហោសឹ ជាដើម ។ បណ្តាបទទាំងនោះ បទថា កុសាវតិរាជធានិប្បមុខានិ សេចក្តីថា កុសាវតីរាជធានី ជាប្រធានជាងនគរទាំងនោះ អធិប្បាយថា ប្រសើរបំផុត ជាងនគរណាទាំងអស់ ។ បទថា សារមយានិ គឺសម្រេចដោយខ្លឹមចន្ទន៍ក្រហម ។ ឯពូកសម្រាប់ បល្ល័ង្កទាំងនោះ សុទ្ធតែធ្វើអំពីអំបោះទាំងអស់