អដ្ឋកថា អនិច្ចសញ្ញាសូត្រទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងសញ្ញាសូត្រទី ១០ ដូចតទៅនេះ បទថា អនិច្ចសញ្ញា បានដល់ សញ្ញាដែលកើតឡើងដល់ភិក្ខុដែលភាវនាថា មិនទៀង មិនទៀង ។ បទថា បរិយាទិយតិ បានដល់ នឹងធ្វើឲ្យកាមរាគៈទាំងឡាយ អស់ទៅ ។ បទថា សព្វំ អស្មិមានំ បានដល់ អស្មិមានះទាំង ៩ យ៉ាង ។ បទថា មូលសន្តានកានិ បានដល់ ឫសដែលមិនបែកដុះចេញទៅ ។ ក្នុងទីនេះ មានឧបមាប្រៀបធៀបោដូចតទៅនេះថា អនិច្ចសញ្ញាប្រៀបដូច នង្គ័លធំ ។ កិលេសទាំងឡាយ ប្រៀបដូចឫសឈើដែលបែកទៅ ទាំងតូច ទាំងធំ ព្រះយោគីអ្នកចម្រើនអនិច្ចសញ្ញាទម្លាយកិលេសបាន ដោយញាណ ដែលកើតអំពីអនិច្ចសញ្ញា ប្រៀបដូចអ្នកស្រែភ្ជួរស្រែ បំផ្លាញឫសឈើទាំងនោះ បានដោយនង្គ័ល ។ បទថា ឱធុនាតិ ប្រែថា ច្រូត ។ បទថា និធុនាតិ ប្រែថា បោក ។ បទថា ន្ផិោដេតិ ប្រែថា រលាស់ ។ ក្នុងទីនេះ គប្បីឧបមា ប្រៀបធៀបដោយអត្ថនេះថា អាលយ គឺកិលេស ប្រៀបដូចស្មៅយាប្លង ញាណដែលកើតអំពីអនិច្ចសញ្ញា ប្រៀបដូចការរលាស់ ។ បទថា វណ្ឌច្ឆិន្នាយ សេចក្តីថា ចង្កោមស្វាយដាច់ទង ព្រោះព្រួញដ៏មុត ។ បទថា តន្វយានិ ភវន្តិ សេចក្តីថា ផ្លែស្វាយដទៃៗ រមែងធ្លាក់តាមចង្កោមស្វាយនោះ ។ កាលចង្កោមស្វាយនោះធ្លាក់ស្វាយ ដទៃៗ ក៏ធ្លាក់លើផែនដីដែរ ។ ក្នុងទីនេះ មានឧបមាប្រៀបធៀបោដូច្នេះថា កិលេសទាំងឡាយ ប្រៀបដូចចង្កោមស្វាយ អនិច្ចសញ្ញា ប្រៀបដូច ព្រួញដ៏មុត កាលអវិជ្ជាដែលជាឫសគល់នៃកិលេសទាំងឡាយ ត្រូវកាត់ដាច់ ទៅដោយញាណដែលកើតអំពីអនិច្ចសញ្ញា កិលេសទាំងឡាយក៏ត្រូវដកឡើង ទៅដែរ ប្រៀបដូចចង្កោមស្វាយដាច់ទៅដោយព្រួញដ៏មុត ស្វាយទាំងអស់ ដែលនៅក្នុងទងជាមួយគ្នា ក៏ជ្រុះលើផែនដីទៅដែរ ។