ភិក្ខុនុបស្សយសូត្រ ទី ១០

ក្បាលទី 21 · ទំព័រ 237

ព្រះអានន្ទមាន អាយុ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុ ជាគម្រប់ ៣ ដង ថា បពិត្រព្រះកស្សបដ៏ចម្រើន មកយើងនឹងចូលទៅកាន់លំនៅរបស់ភិក្ខុនីមួយ រូប ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ស្លៀកស្បង់ប្រដាប់ បាត្រ និងចីវរក្នុងពេលព្រឹកព្រហាម មានព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក ។ វេលានោះឯង ភិក្ខុនីច្រើនរូប នាំគ្នាចូលទៅរកព្រះមហា កស្សបមានអាយុ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមហាកស្សប មានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ លុះភិក្ខុនីទាំងនោះ អង្គុយក្នុង ទីដ៏សមគួរហើយ ទើបព្រះមហាកស្សបមានអាយុ ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ។ លុះព្រះមហាកស្សប មានអាយុ បានញ៉ាំងភិក្ខុនីនោះឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក្រោកចាកអាសនៈចៀសចេញទៅ ។ គ្រានោះឯង ថុល្លតិស្សាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវ វាចាមិនពេញចិត្តថា ដូចម្តេច ក៏ព្រះមហាកស្សបជាម្ចាស់ សម្គាល់នូវធម៌ ដែលខ្លួនគប្បីពោល ក្នុងទីចំពោះមុខព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ អាច សម្រេចកិច្ចដោយបញ្ញាបាន ឈ្មួញម្ជុល គប្បីសម្គាល់នូវម្ជុលដែលខ្លួនត្រូវ លក់ ក្នុងសម្នាក់នៃជាងម្ជុលដ៏ល្អិតល្អ យ៉ាងណា ព្រះមហាកស្សបជាម្ចាស់ ក៏សម្គាល់នូវធម៌ដែលខ្លួនគប្បីពោល ក្នុងទីចំពោះមុខនៃព្រះអានន្ទជាម្ចាស់ ជា អ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន យ៉ាងនោះដែរ ។