ជនបទកល្យាណីសូត្រ ទី ១០
ក្បាលទី 21 · ទំព័រ 336
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់នូវចិត្តរបស់បុគ្គល ពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុនៃស្រីមានលម្អក្នុងជនបទ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។ សូត្រទី ១០ ចប់ បាតិវគ្គទី ២ ចប់ ៥ ឧទ្ទាននៃបាតិវគ្គនោះ គឺ និយាយពីភាជនៈពីរលើក និយាយអំពីមាសពីរលើក និយាយអំពីមាសសិង្គិពីរលើក និយាយអំពីផែនដី ១ និយាយអំពីអាមិសបន្តិចបន្តួច ១ និយាយអំពីជីវិត ១ និយាយអំពីស្រីមានលម្អក្នុងជនបទ ១ ជា ១០ ។