អដ្ឋកថា បឋមអរហន្តសូត្រ ទី ៤ - អរហន្តខីណាស្រព

ក្បាលទី 21 · ទំព័រ 759

បទថា អនុបលិត្តា បានដល់ ព្រះអរហន្តមិនត្រូវបូកលាប ដោយ គ្រឿងលាប គឺតណ្ហា និងទិដ្ឋិ ។ បទថា ព្រហ្មភូតា ប្រែថា ប្រសើរបំផុត ។ បទថា បរិញ្ញាយ បានដល់ កំណត់ដឹងហើយដោយបរិញ្ញា ៣ ។ ក្នុងបទថា សត្តសទ្ធម្មគោចរា មានវិគ្គហៈថា ព្រះសទ្ធម្ម ៧ ប្រការនេះ គឺសទ្ធា ១ ហិរិ ១ ឱត្តប្បៈ ១ ពហុសច្ចៈ ១ ភាពជាអ្នកប្រារព្ធព្យាយាម ១ ភាពជា អ្នកមានសតិតាំងមាំ ១ បញ្ញា ១ ជាអារម្មណ៍របស់ព្រះអរហន្តទាំងនោះ ហេតុនោះ ទើបព្រះអរហន្ត ឈ្មោះថា មានព្រះសទ្ធម្ម ៧ ជាអារម្មណ៍ ។ បទថា សត្តរតនសម្បន្នា បានដល់ ប្រកបដោយរតនៈ គឺពោជ្ឈង្គ ៧ ប្រការ ។ បទថា អនុវិចរន្តិ សេចក្តីថា ពួកលោកិយមហាជន ក៏ត្រាច់សួរ រឿយៗ ទៅ ។ ក្នុងសូត្រនេះ លោកសំដៅដល់អាចារ្យដែលប្រាសចាកការសន្ទិះសង្ស័យ របស់ព្រះខីណាស្រពទាំងឡាយ ដោយហេតុនោះឯង ទើបព្រះមានព្រះភាគ ត្រាស់ថា បហីនភយភេរវា អ្នកលះនូវភ័យធម្មតា និងការភ័យដែលមាន កម្លាំងបានហើយ ។ ក្នុងបទថា បហីនភយភេរវា នោះ មានអធិប្បាយថា ការភ័យធម្មតា ឈ្មោះថា ភ័យ ការភ័យមានកម្លាំងខ្លាំង ឈ្មោះថា ភេរវៈ ។ បទថា ទសហង្គេហិ សម្បន្នា បានដល់ ប្រកបដោយអង្គដែលជា អសេក្ខៈ ។ បទថា មហានាគា បានដល់ ជាមហានាគដោយហេតុ ៤ ប្រការ ។ បទថា សមាហិតា បានដល់ មានចិត្តតាំងមាំដោយឧបចារសមាធិ និង អប្បនាសមាធិ ។ បទថា តណ្ហា តេសំ ន វិជ្ជតិ សេចក្តីថា ព្រះអរហន្តទាំងនោះ មិន មានតណ្ហាដែលធ្វើសត្វលោកឲ្យជាទាសៈ ដែលព្រះរដ្ឋបាលត្ថេរពោលយ៉ាង នេះថា សូមថ្វាយព្រះពរមហាបពិត្រ ព្រះមានព្រះភាគអង្គនោះត្រាស់ហើយ ថា សត្វលោកខ្វះកន្លះជានិច្ច មិនចេះឆ្អែត ជាទាសៈនៃតណ្ហា ដូច្នេះឯង ។