អដ្ឋកថា បឋមអានន្ទសូត្រ ទី ៧
ក្បាលទី 21 · ទំព័រ 630
ការកើតឡើង ហៅថា ជាតិ ការរលត់ហៅថា វយៈ ការ ប្រែប្រួល ហៅថា ជរា ការរក្សារឿយៗ ហៅថា ឋិតិ ។ ខន្ធនីមួយៗ មានលក្ខណៈ ៣ យ៉ាង គឺឧប្បាទ ជរា និងភង្គៈ ។ ព្រោះ ហេតុនេះ ព្រះមានព្រះភាគសំដៅដល់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្ខតលក្ខណៈនៃសង្ខតៈទាំងនេះ មាន ៣ យ៉ាង ដូច្នេះ ។ ក្នុងពាក្យនោះ ឈ្មោះថា សង្ខត បានដល់ សង្ខារប្រភេទណានីមួយដែលកើតអំពីបច្ច័យ ។ តែសង្ខារមិនឈ្មោះថាលក្ខណៈ មិនឈ្មោះថាសង្ខារ ប្រសិនបើវៀរលក្ខណៈ ចេញ និងបុគ្គលណាម្នាក់ក៏មិនអាចនឹងបញ្ញត្តសង្ខារបានផង ទាំងវៀរ លក្ខណៈចេញ ក៏ឈ្មោះថាសង្ខារមិនបានដែរ តែសង្ខារក៏រមែងប្រាកដដោយ លក្ខណៈ ។