អវិជ្ជាសូត្រទី ១
ក្បាលទី 22 · ទំព័រ 16
ក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមាន ព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា បពិត្រ ព្រះអង្គដ៏ចម្រើន អវិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុ យ៉ាងណា ។ ម្នាលភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់ នូវរូប មិនដឹងច្បាស់នូវហេតុនាំឲ្យកើតរូប មិនដឹងច្បាស់នូវសេចក្តីរលត់រូប មិនដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់សេចក្តីរលត់រូប ។ មិនដឹងច្បាស់ នូវវេទនា ។ មិនដឹងច្បាស់នូវសញ្ញា ។ មិនដឹងច្បាស់នូវសង្ខារទាំងឡាយ ។ មិនដឹងច្បាស់នូវវិញ្ញាណ ។ បេ ។ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ សេចក្តីរម្លត់វិញ្ញាណ ។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយ អវិជ្ជា ដោយហេតុយ៉ាងនេះ ។