ធម្មកថិកសូត្រទី ៣
ក្រុងសាវត្ថី ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាន ក្រាបទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែល ហៅថា ធម្មកថិក ធម្មកថិក បពិត្រព្រះអង្គដ៏ចម្រើន ធម្មកថិក តើដោយ ហេតុយ៉ាងណា ភិក្ខុអ្នកប្រតិបត្តិធម៌សមគួរតាមធម៌ ដោយហេតុយ៉ាងណា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដោយហេតុយ៉ាងណា ។ ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរម្លត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរម្លត់រូប ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ។ ម្នាលភិក្ខុ បើភិក្ខុរួចផុត ស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរលត់ ព្រោះមិនបានប្រកាន់ នូវរូប ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុង បច្ចុប្បន្ន ។ ម្នាលភិក្ខុ បើវេទនា ។ បេ ។ ម្នាលភិក្ខុ បើសញ្ញា ។ ម្នាលភិក្ខុ បើសង្ខារទាំងឡាយ ។ ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរម្លត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បី ប្រាសចាកតម្រេក ដើម្បីសេចក្តីរម្លត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិ ធម៌សមគួរតាមធម៌ ។ ម្នាលភិក្ខុ បើភិក្ខុរួចស្រឡះព្រោះនឿយណាយ ព្រោះ ប្រាសចាកតម្រេក ព្រោះសេចក្តីរម្លត់ ព្រោះមិនបានប្រកាន់នូវវិញ្ញាណ ទើប គួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ។