សីលវន្តសូត្រទី ១០
ក្បាលទី 22 · ទំព័រ 29
សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាមោគ្គល្លាន មានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ គ្រានោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំក្នុងសាយ័ណ្ហសម័យ ហើយចូលទៅ រកព្រះសារីបុត្តមានអាយុ ។ បេ ។ បានពោលពាក្យនេះថា ម្នាលអាវុសោ សារីបុត្ត ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ចំពោះធម៌ ដូចម្តេច ។ ម្នាលអាវុសោកោដ្ឋិតៈ ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្តដោយ ឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធទាំង ៥ ថាមិនទៀង ជាទុក្ខ ជារោគ ជា បូស ជាសរ ជាជំងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន ។ ឧបាទានក្ខន្ធទាំង ៥ ដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។