ទុតិយអស្សាទសូត្រទី ៥
ក្បាលទី 22 · ទំព័រ 45
និទាននោះដដែល ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយ ក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាល អាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា ។ ម្នាលអាវុសោ អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញនូវរូបផង នូវវេទនា ។ បេ ។ នូវ សញ្ញា ។ នូវសង្ខារទាំងឡាយ ។ ដឹងច្បាស់តាមពិត នូវអានិសង្ស និង ទោសរបស់វិញ្ញាណផង នូវការរលាស់ចេញនូវវិញ្ញាណផង ។ ម្នាលអាវុសោ នេះហៅថា វិជ្ជាបុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង ។