តតិយកោដ្ឋិកសូត្រទី ១០
និទាននោះដដែល ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយ ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាល អាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា ។ ម្នាលអាវុសោ អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ ចេញនូវរូបផង នូវវេទនា ។ បេ ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ ដឹង ច្បាស់តាមពិត នូវការកើតឡើងនិងការរលត់ នូវអានិសង្ស និងទោសរបស់ វិញ្ញាណផង នូវការរលាស់ចេញនូវវិញ្ញាណផង ។ ម្នាលអាវុសោ នេះហៅ ថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង ។ សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមាន អាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ។ បេ ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សម គួរហើយ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោ កោដ្ឋិតៈ ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា ។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវ អានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញនូវរូបផង នូវវេទនា ។ បេ ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ មិនដឹងច្បាស់តាមពិត នូវ អានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង ។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុ យ៉ាងនេះឯង ។