អដ្ឋកថា សត្តសូត្រទី ២
ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តី ត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប បុគ្គលដែល ជាប់នៅក្នុងសេចក្តីពេញចិត្តជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្តជាដើម នោះ លោកហៅថា សត្វ ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុង សង្ខារទាំងឡាយ ។ ក្នុងវិញ្ញាណ បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្តជាដើមនោះ លោកហៅថា សត្វ ។ ម្នាលរាធៈ ដូចពួកកុមារក្តី ពួកកុមារីក្តី នាំគ្នាលេងកូនផ្ទះធ្វើពីអាចម៍ដី មិន ទាន់ប្រាសចាកសេចក្តីត្រេកអរ មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ ប្រាសចាកសេចក្តីឆ្លេឆ្លា មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ ដីទាំងនោះ កំណត់ត្រឹមណា តែងអាល័យ តែងប្រកាន់លេង តែងប្រកាន់ថា ជាទ្រព្យ ប្រកាន់ថាជារបស់ខ្លួន ចំពោះកូនផ្ទះធ្វើពីអាចម៍ដី កំណត់ត្រឹមនោះ