ទុតិយសមណសូត្រទី ៦

ក្បាលទី 22 · ទំព័រ 80

ម្នាលរាធៈ កាលណាបើពួកកុមារក្តី ពួកកុមារីក្តី លែងត្រេកអរ លែងពេញចិត្ត លែងស្រឡាញ់ លែងស្រេកឃ្លាន លែងឆ្លេឆ្លា លែងប្រាថ្នា ក្នុងកូនផ្ទះ ធ្វើពីអាចម៍ដីទាំងនោះហើយ យកដៃ និងជើងទៅកម្ចាយចោល ឈូសចោល កម្ចាត់ចោល នូវកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ ធ្វើឲ្យជារបស់លេងមិនកើតក្នុង កាលនោះ យ៉ាងណាមិញ ។ ម្នាលរាធៈ អ្នកទាំងឡាយ ចូរកម្ចាយចោល ឈូសចោល កម្ចាត់ចោលនូវរូប ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅនៃតណ្ហា ចូរកម្ចាយចោល ឈូសចោល កម្ចាត់ចោល នូវ វេទនា ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិដើម្បីអស់ទៅនៃតណ្ហា ។ ចូរកម្ចាយចោល ឈូសចោល កម្ចាត់ចោល នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិដើម្បីអស់ទៅនៃតណ្ហា ចូរ កម្ចាយចោល ឈូសចោល កម្ចាត់ចោល នូវវិញ្ញាណ ចូរធ្វើឲ្យជារបស់ លេងមិនកើត ចូរប្រតិបត្តិដើម្បីអស់ទៅនៃតណ្ហា យ៉ាងនោះឯង ។ ម្នាលរាធៈ ព្រោះថា ការអស់ទៅនៃតណ្ហា ឈ្មោះថា ព្រះនិព្វាន ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសត្តសូត្រទី ២ ដូចតទៅនេះ បទថា សត្តោ ជាពាក្យសួរដល់បុគ្គល ។ បទថា តត្រ សត្តោ តត្រ វិសត្តោ សេចក្តីថា បុគ្គលជាប់ គឺជាប់ជំពាក់ ក្នុងឧបាទានក្ខន្ធនោះ ។ បទថា បំស្វាគារកេហិ ប្រែថា ផ្ទះដែលធ្វើដោយធូលី គឺពំនូកដីដែល ក្មេងពូក ។ បទថា កីឡាយន្តិ ប្រែថា លេង ។ បទថា ធនាយន្តិ ប្រែថា សម្គាល់ផ្ទះដែលធ្វើដោយធូលីថាដូចទ្រព្យ ។ បទថា មមាយន្តិ បានដល់ ធ្វើការប្រកាន់ថា នេះរបស់អញ នេះរបស់ អញ គឺមិនព្រមសូម្បីត្រឹមតែឲ្យអ្នកដទៃប៉ះ ។ បទថា វិកីឡនិកំ ករោន្តិ សេចក្តីថា ទារក ឬទារិកាទាំងនោះ គិតថា ការលេងឈប់ហើយ ទើបកម្ទេចធ្វើឲ្យលេងមិនបាន ។