អរហន្តសូត្រទី ៨
ក្បាលទី 22 · ទំព័រ 86
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន ៥ ប្រការ ។ ប្រការ តើដូចម្តេច ។ គឺ រូបូបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលរាធៈ កាលណាបើ ភិក្ខុដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និង ទោសនៃឧបាទានក្ខន្ធទាំង ៥ នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង ៥ នេះផង ហើយចិត្តមានផុតស្រឡះ ដោយមិនបានប្រកាន់មាំ ។ ម្នាល រាធៈ ភិក្ខុនេះ ហៅថាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ មានសោឡសកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចហើយ មានសញ្ញោជនៈក្នុងភព គឺតណ្ហាអស់ហើយ មានចិត្តផុត ស្រឡះហើយ ព្រោះដឹងដោយប្រពៃ ។