មារសូត្រទី ១

ក្បាលទី 22 · ទំព័រ 91

ក្រុងសាវត្ថី ។ គ្រានោះឯង ព្រះរាធៈមានអាយុចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាប ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាមារ ។ ម្នាលរាធៈ រូបជាមារ វេទនាជាមារ សញ្ញាជាមារ សង្ខារទាំងឡាយជាមារ វិញ្ញាណ ជាមារ ។ ម្នាលរាធៈ អរិយសាវ័កជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹង សញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណ ផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ចិត្តតែងរួចស្រឡះ ព្រោះ សេចក្តីធុញទ្រាន់ ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា អាត្មាអញ រួចស្រឡះហើយ ។ អរិយសាវ័កនោះតែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបាននៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។