អដ្ឋកថា សោអត្តាសូត្រទី ៣

ក្បាលទី 22 · ទំព័រ 117

អាយតនៈ ៧ ដ៏សេស ឈ្មោះថា វិញ្ញាណ ។ បទថា បត្តំ បានដល់ អារម្មណ៍ដែលស្វែងរក ឬមិនស្វែងរកក៏ដោយ តែនៅតែជួប ។ បទថា បរិយេសិតំ បានដល់ អារម្មណ៍ដែលស្វែងរកហើយ ដែលមក ជួប ឬមិនជួបក៏ដោយ ។ បទថា អនុវិចរិតំ មនសា បានដល់ អារម្មណ៍ដែលចិត្តតាមបបោស អង្អែលហើយ ។ ពិតហើយ អារម្មណ៍ក្នុងលោក ស្វែងរកហើយ ទើបជួបក៏មាន ស្វែងរក ហើយ តែមិនជួបក៏មាន មិនបានស្វែងរក តែជួបក៏មាន មិនបានស្វែងរក ហើយមិនបានជួបក៏មាន ។ បណ្តាអារម្មណ៍ទាំងនោះ អារម្មណ៍ដែលស្វែងរក ទើបជួប ឈ្មោះថា បត្ត អារម្មណ៍ស្វែងរកតែមិនជួប ឈ្មោះថា បរិយេសិត មិនបានស្វែងរក តែជួបក្តី មិនបានស្វែងរក ហើយមិនជួបក្តី ឈ្មោះថា មនសានុចរិតំ ។