អដ្ឋកថា អសស្សតទិដ្ឋិសូត្រទី ១០
មហាទិដ្ឋិសូត្រជាដើម បទថា អកដា គឺកាយទាំង ៧ មិនមានអ្នកណាសាង ។ បទថា អកដវិធា គឺមិនមានអ្នកណាចាត់ចែង អធិប្បាយថា ដែល បុគ្គលណាម្នាក់ប្រើឲ្យធ្វើ ដោយប្រាប់ថា ចូរធ្វើយ៉ាងនេះ ក៏មិនមាន ។ បទថា អនិម្មិតា គឺមិនមានបុគ្គលណានិម្មិតដោយឫទ្ធិជាដើម ។ បទថា អនិម្មិតវិធា គឺការចាត់ចែង មិនមានបុគ្គលណានិម្មិតហើយ អធិប្បាយថា មិនមែនបុគ្គលណាម្នាក់គួរនិម្មិតបាន ។ បាឋៈថា អនិម្មិតព្វា ដូច្នេះក៏មាន ។ បទថា វញ្ឈា គឺមិនមានផល បានដល់ មិនឲ្យកើតផលណាមួយ ដូច សត្វចិញ្ចឹមដែលអារ និងត្នោតដែលអារ គឺត្នោតឈ្មោលជាដើម ។ បទថា កូដដ្ឋា សេចក្តីថា តាំងនៅដូចកំពូលភ្នំ ព្រោះហេតុនោះ ទើប ឈ្មោះថា កូដដ្ឋា ។ បទថា ឯសិកដ្ឋាយិដ្ឋិតា តាំងនៅ ដូចការតាំងនៅនៃសសរគោល ព្រោះ ហេតុនោះ ទើបឈ្មោះថា ឯសិកដ្ឋាយិដ្ឋិតា អធិប្បាយថា សសរគោលដែល កប់ល្អហើយ តាំងមាំ មិនកម្រើក យ៉ាងណា កាយក៏តាំងនៅយ៉ាងនោះ ។ បទថា ន ឥញ្ជន្តិ សេចក្តីថា មិនញាប់ញ័រ តាំងនៅមាំទាំ ដូចសសរ គោល ដូច្នោះ ។ បទថា ន វិបរិណមន្តិ សេចក្តីថា មិនលះប្រក្រតី ។ បទថា ន អញ្ញមញ្ញំ ព្យាធេន្តិ សេចក្តីថា មិនបៀតបៀនគ្នានិងគ្នា ។ បទថា នាលំ ប្រែថា មិនអាច ។ ក្នុងបទថា បឋវីកាយោ ជាដើម មានអធិប្បាយថា បឋវីនោះឯង ឈ្មោះថា បឋវីកាយ ឬ បឋវីសមូហ ។ បទថា សត្តន្នំ ត្វេវ កាយានំ សេចក្តីថា សស្រ្តាដែលកាប់ចូលទៅក្នុង គំនរសណ្តែកបាយជាដើម រមែងជ្រែកចូលទៅក្នុងចន្លោះសណ្តែកបាយ ជាដើម យ៉ាងណា សស្រ្តាក៏ជ្រែកចូលទៅក្នុងចន្លោះ គឺឱកាស បានដល់ ផ្លូវដែលទំនេររបស់កាយទាំង ៧ ដូច្នោះ ។