រូបសូត្រទី ២
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង មាន សេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី សំឡេងមិនទៀង មានសេចក្តីប្រែប្រួល ទៅ ប្លែកទៅជាប្រក្រតី ក្លិនមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជា ប្រក្រតី រសមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ផោដ្ឋព្វៈ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ណា ជឿចុះចិត្តស៊ប់នូវធម៌ទាំងនេះ យ៉ាងនេះ ។ បុគ្គលនេះ ហៅថា សទ្ធានុសារី បានចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់នូវ បុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើដែលធ្វើហើយ នាំឲ្យទៅកើតក្នុងនរក ឬ កំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀងនឹងមិនធ្វើមរណកាល ក្នុង ពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលណាមួយបានត្រាស់ដឹងនូវធម៌ទាំងនេះ ដោយប្រមាណនៃ ប្រាជ្ញាយ៉ាងនេះ ។ បុគ្គលនេះហៅថា ធម្មានុសារី បានចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើដែល ធ្វើហើយ នាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជា បុគ្គលទៀងនឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នូវធម៌ទាំងនេះ ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មាន សភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅ ខាងមុខ ។