ធាតុសូត្រទី ៩

ក្បាលទី 22 · ទំព័រ 167

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជា ទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះ របស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ ។ មិនគួរនឹងយល់ ដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់ នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់ អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ ។ មិនគួរនឹងយល់ដូច្នោះ ទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណា នីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាត ក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិតដោយប្រាជ្ញាដ៏ល្អ នូវរូបទាំងអស់នុ៎ះយ៉ាងនេះ ថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។ វេទនាណានីមួយ ។ សញ្ញាណានីមួយ ។ សង្ខារទាំងឡាយណានីមួយ ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាដែលមានក្នុងទីឆ្ងាយ ក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិតដោយប្រាជ្ញាដ៏ល្អ នូវវិញ្ញាណ ទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែន ជាខ្លួនរបស់អញឡើយ ។