អដ្ឋកថា ធាតុសូត្រទី ៩
ក្បាលទី 22 · ទំព័រ 193
ឆ្លើយថា កើតបាន ព្រោះហាមការកើតនៃលោកុត្តរចិត្ត អធិប្បាយថា ឆន្ទរាគៈនោះ គប្បីជ្រាបថា ជាឧបក្កិលេស ព្រោះមិនឲ្យលោកុត្តរចិត្តនោះ កើតឡើង ។ បទថា នេក្ខម្មនិន្នំ បានដល់ ចិត្តដែលបង្អោនទៅក្នុង នព្វលោកុត្តរធម៌ ៩ ។ បទថា ចិត្តំ បានដល់ ចិត្តដែលចម្រើនសមថៈ និង ចិត្តដែលចម្រើនវិបស្សនា ។ បទថា អភិញ្ញា សច្ឆិករណីយេសុ ធម្មេសុ សេចក្តីថា កាលបុគ្គលប្រកាន់ធម៌ឯណាមួយ ក្នុងបណ្តាធម៌ គឺអភិញ្ញាទី ៦ គប្បីដឹង ហើយធ្វើឲ្យជាក់ច្បាស់ដោយបច្ចវេក្ខណញ្ញាណ ក៏គប្បីប្រកាន់ថា នេក្ខម្មៈ គឺព្រះនិព្វាននោះឯង ។ បទដ៏សេសក្នុងសូត្រទាំងអស់ មានអត្ថងាយយល់ហើយ ។ អដ្ឋកថាកិកេសសំយុត្ត ចប់ កិកេសសំយុត្តទី ៦ ចប់