ចតុត្ថសុតសូត្រទី ១០
ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់ អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគជាឧបបាតិកៈកំណើត ។ ម្នាល ភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយ វាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគជាឧបបាតិកៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត ។ ដល់បុគ្គលនោះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើតមែន ។ ម្នាលភិក្ខុ នេះជា ហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគជាឧបបាតិកៈកំណើត ។ បឋមទានូបការសូត្រទី ១១ ដល់ ២០ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់ អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគជាអណ្ឌជៈកំណើត ។