អដ្ឋកថា សុចរិតសូត្រទី ២
ក្បាលទី 22 · ទំព័រ 240
ម្នាលភិក្ខុ បុគ្គលខ្លះក្នុង លោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្ត សុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយជាពួកវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ ក៏មាន សេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញដល់បែកធ្លាយរាងកាយ ស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ ។ បុគ្គលនោះក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿង ក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្នាក់អាស្រ័យ ឲ្យគ្រឿងប្រទីប ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈមែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែល នាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹង ទេវតាទាំងឡាយ ជាពួកវលាហកៈ ។