សីតវលាហកទានូបការសុត្តទសកំទី ៣-១២
បទថា ហរន្តិ ប្រែថា នាំ គឺឆាបយកទៅ ។ គ្រុឌទាំងនោះ កាលឆាប ក៏អាចឆាបតែពួកនាគដែលអន់ជាងខ្លួន ឬដែលស្មើខ្លួនបុណ្ណោះ មិនអាចឆាបពួកនាគដែលប្រណីតជាងខ្លួនបានឡើយ ។ នាគដែលគ្រុឌឆាបយកមិនបាន មាន ៧ ពួក គឺនាគដែលមានជាតិខ្ពស់ ជាង ១ កម្ពលអស្សតរនាគ ១ ធតរដ្ឋនាគ ១ នាគដែលនៅក្នុងមហាសមុទ្រ សត្តសីទន្តរ ១ នាគដែលនៅលើផែនដី ១ នាគដែលនៅត្រង់បាតភ្នំ ១ នាគដែលនៅក្នុងវិមាន ១ ។ បណ្តានាគទាំងនោះ នាគដែលជាជលាពុជកំណើតជាដើម មានជាតិខ្ពស់ ជាងនាគដែលជាអណ្ឌជៈកំណើត នាគដែលជាជលាពុជកំណើតជាដើម គ្រុឌ ទាំងនោះឆាបយកទៅមិនបាន ។ ចំណែកពួកនាគដែលជាកម្ពលអស្សតរ ជានាគសេនាបតី គ្រុឌទាំងអស់ឃើញនាគនោះក្នុងទីណាហើយ ក៏មិនអាច ឆាបយកទៅបាន ធតរដ្ឋនាគជាស្តេចនាគ សូម្បីធតរដ្ឋនាគនោះ គ្រុឌណាក៏ មិនអាចឆាបបានដែរ ។ ឯនាគពួកណា នៅក្នុងមហាសមុទ្រសត្តសីទន្តរ គ្រុឌមួយណាក៏មិនអាច ឆាបយកនាគនោះទៅបាន ព្រោះបុគ្គលណាម្នាក់ មិនអាចធ្វើឲ្យកម្រើកក្នុងទីណា បានឡើយ ។ សម្រាប់ពួកនាគដែលនៅតាមផែនដីជាដើម មានឱកាសលាក់ខ្លួន ដូច្នោះ គ្រុឌមិនអាចឆាបយកនាគទាំងនោះទៅបានឡើយ ។ ឯនាគពួកណា នៅលើ រលកក្នុងមហាសមុទ្រ គ្រុឌខ្លះដែលមានឋានៈស្មើ ឬប្រណីតជាង មិនអាច ឆាបយកនាគទាំងនោះទៅបានឡើយ ។ បទដ៏សេសមានន័យដូចពោលហើយ ក្នុងនាគសំយុត្តនោះឯង ។