សមាធិមូលកអារម្មណសូត្រទី ៥

ក្បាលទី 22 · ទំព័រ 269

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃក្នុងការកំណត់ អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុង ការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ ផង ។