សាតច្ចមូលកសប្បាយការីសូត្រទី ៥៥

ក្បាលទី 22 · ទំព័រ 277

ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការតម្កល់សមាធិ តែមិនឈ្លាសវៃក្នុងការចូល សមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជា អ្នកមិនឈ្លាសវៃក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃក្នុងការតម្កល់សមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុង ការចូលសមាធិផង ឈ្លាសវៃក្នុងការតម្កល់សមាធិផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូល សមាធិផង ឈ្លាសវៃក្នុងការតម្កល់សមាធិផង ។ បណ្តាបុគ្គលអ្នកមានឈាន ទាំង ៤ ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តម ផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។