ទុតិយអស្សាទបរិយេសនសូត្រទី ៤
ក្បាលទី 22 · ទំព័រ 317
ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃរូបមិនមានទេ សត្វទាំងឡាយមិនត្រេកអរក្នុងរូប ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃរូបមានព្រោះហេតុ ណា ហេតុនោះ បានជាសត្វទាំងឡាយត្រេកអរនឹងរូប ម្នាលភិក្ខុទាំងឡាយ បើទោសនៃរូបមិនមានទេ សត្វទាំងឡាយមិននឿយណាយនឹងរូបឡើយ ម្នាល ភិក្ខុទាំងឡាយ ទោសនៃរូបមានព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយនឿយណាយនឹងរូប ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញនូវរូប មិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញចាករូបឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញនូវរូបមានព្រោះហេតុណា ហេតុនោះ បានជាសត្វ ទាំងឡាយរលាស់ចេញចាករូប ។