អាទិត្តសូត្រទី ៦
ក្បាលទី 22 · ទំព័រ 337
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតស្រះ ក្នុងស្រុកឈ្មោះគយាសីសៈ ជាមួយនឹងភិក្ខុ ១០០០ រូប ។ ក្នុងទីនោះឯង ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាល ភិក្ខុទាំងឡាយ វត្ថុទាំងពួងជារបស់ក្តៅ ។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ក្តៅ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុជារបស់ក្តៅ រូបជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផស្សជារបស់ក្តៅ ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះក៏ជារបស់ក្តៅដែរ ។ ក្តៅដោយអ្វី តថាគតពោលថា ក្តៅដោយ ភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តី កើតដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយ សេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយ សេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ។