ទុតិយសមុគ្ឃាតសប្បាយសូត្រទី ១០

ក្បាលទី 22 · ទំព័រ 356

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវបដិបទា ជាទី សប្បាយដល់ការដកឡើងព្រម នូវសេចក្តីសម្គាល់វត្ថុទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវបដិបទានោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាទីសប្បាយដល់ការដកឡើងព្រម នូវសេចក្តីសម្គាល់វត្ថុទាំងពួង នោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់នូវ សេចក្តីនោះដូចម្តេច ចក្ខុ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលទៅជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ ។