អនិច្ចាទិសុត្តនវកំទី ១-៩
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ របស់ ទាំងអស់មិនទៀងទេ ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់មិនទៀង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផស្សមិនទៀង ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង ។ បេ ។ ជិវ្ហាមិនទៀង រសមិនទៀង ជិវ្ហាវិញ្ញាណមិនទៀង ជិវ្ហាសម្ផស្សមិនទៀង ទោះបី វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ វេទនានោះក៏មិនទៀង ។ បេ ។ មនោមិនទៀង ធម៌មិនទៀង មនោវិញ្ញាណមិនទៀង មនោសម្ផស្សមិនទៀង ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះក៏មិនទៀង ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយក្នុងចក្ខុផង ។ បេ ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់មិនមែនជារបស់ខ្លួន ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវដឹងជាក់ ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវកំណត់ដឹង ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវតែលះបង់ ។ ម្នាលភិក្ខុទាំងឡាយ របស់ទាំងអស់ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ ។