បឋមមិគជាលសូត្រទី ១

ក្បាលទី 22 · ទំព័រ 380

និទានក្នុងក្រុងសាវត្ថី ។ គ្រានោះ ព្រះមិគជាលៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះព្រះមិគជាលៈមានអាយុអង្គុយក្នុង ទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ពាក្យគេតែងនិយាយថា បុគ្គលមានប្រក្រតីនៅម្នាក់ឯង មានប្រក្រតី នៅម្នាក់ឯងដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលមានប្រក្រតីនៅម្នាក់ឯង តើដោយហេតុដូចម្តេច ចំណែកបុគ្គលមានប្រក្រតីនៅរួមគ្នាជាគម្រប់ ២ តើ ដោយហេតុដូចម្តេច ។ ម្នាលមិគជាលៈ មានរូបទាំងឡាយដែលបុគ្គលគប្បី ដឹងច្បាស់ដោយភ្នែក ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទី ស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្ត ចំពោះរូបនោះ កាលភិក្ខុនោះត្រេកអរ សរសើរ ជាប់ចិត្តចំពោះរូបនោះ សេចក្តីត្រេកត្រអាល រមែងកើតឡើង កាលបើមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នាក៏មាន កាលបើមានសេចក្តីប្រាថ្នា សំយោជនៈក៏មាន ។