ឧបសេនអាសីវិសសូត្រទី ៧

ក្បាលទី 22 · ទំព័រ 392

សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្រមានអាយុ និង ព្រះឧបសេនមានអាយុ គង់នៅក្នុងព្រៃស្មសាន ឈ្មោះសីតវ័ន ទៀបញកភ្នំ ឈ្មោះសប្បសោណ្ឌិក ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ពស់អាសីពិស ធ្លាក់មកលើកាយព្រះឧបសេនមានអាយុ ។ គ្រានោះ ព្រះឧបសេនមានអាយុ ហៅភិក្ខុទាំងឡាយមកថា នែអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមកលើក កាយខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅខាងក្រៅ ព្រោះថាកាយនេះជារបស់ ចាស់ គង់នឹងរោយរាយក្នុងទីនេះ ដូចជាអង្កាមមួយក្តាប់ ។ កាលបើព្រះ ឧបសេនមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ ក៏ និយាយនឹងព្រះឧបសេនមានអាយុ ដូច្នេះថា យើងមិនឃើញព្រះឧបសេនមាន អាយុ មានកាយផ្សេង ឬមានឥន្ទ្រិយប្រែប្រួលទៅសោះ កាលបើយ៉ាងនេះ ម្តេចក៏ព្រះឧបសេនមានអាយុ និយាយយ៉ាងនេះថា នែអាវុសោ អ្នកទាំងឡាយ ចូរមកលើកកាយខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅខាងក្រៅ ព្រោះថាកាយ នេះជារបស់ចាស់ គង់នឹងរោយរាយក្នុងទីនេះ ដូចជាអង្កាមមួយក្តាប់ ។ ព្រះ ឧបសេនឆ្លើយថា នែអាវុសោសារីបុត្រ អ្នកណាមានសេចក្តីប្រកាន់យ៉ាងនេះ ថា ចក្ខុ គឺអាត្មាអញ ឬថាចក្ខុរបស់អាត្មាអញ ។ បេ ។ ថាជិវ្ហាគឺអាត្មាអញ ឬថា ជិវ្ហារបស់អាត្មាអញ ។ បេ ។ ថាមនោ គឺអាត្មាអញ ឬថាមនោរបស់អាត្មាអញ នែអាវុសោសារីបុត្រ អ្នកនោះទើបមានកាយផ្សេង ឬមានឥន្ទ្រិយប្រែប្រួល ។ នែអាវុសោសារីបុត្រ ចំណែកខ្ញុំ មិនមានសេចក្តីត្រិះរិះយ៉ាងនេះទេ ថា ចក្ខុ គឺអាត្មាអញ ឬថាចក្ខុរបស់អាត្មាអញ ។ បេ ។ ថាជិវ្ហា គឺអាត្មាអញ ឬថាជិវ្ហារបស់អាត្មាអញ ។ បេ ។ ថាមនោ គឺអាត្មាអញ ឬថាមនោរបស់អាត្មាអញ នែអាវុសោសារីបុត្រ ខ្ញុំនោះ នឹងមានកាយផ្សេង ឬមានឥន្ទ្រិយប្រែប្រួល ដូចម្តេចកើត ។