អដ្ឋកថា ឧបសេនអាសីវិសសូត្រទី ៧

ក្បាលទី 22 · ទំព័រ 394

ក្នុងឧបសេនអាសីវិសសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា សីតវនេ បានដល់ ក្នុងព្រៃរបស់ព្រៃខ្មោចដែលមានឈ្មោះយ៉ាងនោះ ។ បទថា សប្បសោណ្ឌិកបព្ភារេ បានដល់ ត្រង់ញកភ្នំមានឈ្មោះយ៉ាងនោះ ព្រោះដូចគ្នានឹងពស់បើកពពារ ។ បទថា ឧបសេនស្ស បានដល់ ព្រះឧបសេនដែលជាប្អូនប្រុសរបស់ព្រះធម្មសេនាបតី ។ បទថា អាសីវិសោ បតិតោ ហោតិ សេចក្តីថា បានឮថា ព្រះថេរៈសម្រេចភត្តកិច្ចហើយ កាន់យក មហាចីវរ ត្រូវខ្យល់ត្រសេកោៗ បក់តាមប្រហោងបង្អួច ត្រង់ស្រមោលគុហា បក់មក អង្គុយធ្វើសូចិកម្ម គឺដេរសំពត់ ២ ជាន់ ។ គ្រានោះ កូនអាសីពិស លូនលេងលើដំបូលគុហា កូនពស់ទាំងនោះមួយធ្លាក់ចុះមក ត្រូវចង្កួយស្មា ព្រះថេរៈ ។ ព្រះថេរៈត្រូវពិសពស់ហើយ ពិសរបស់ពស់នោះជ្រួតជ្រាបទៅក្នុង សរីរៈរបស់ព្រះថេរៈ ដូចប្រេងជ្រួតជ្រាបតាមប្រឆេះចង្កៀង ។ ព្រះថេរៈ ដឹងថា ពិសជ្រាបមក ដូច្នោះ ពិសនោះ គ្រាន់តែធ្លាក់ចុះប៉ុណ្ណោះ ជ្រាបទៅ តាមកំណត់ក៏ពិត តែលោកប្រើបឫទ្ធិរបស់ខ្លួន អធិដ្ឋានថា អត្តភាពនេះ ចូរកុំបី វិនាសក្នុងគុហា ដូច្នេះហើយ ហៅភិក្ខុទាំងឡាយមក ។ បទថា បុរាយំ កាយោ ឥធេវ វិកិរតិ សេចក្តីថា ពួកអ្នកចូរនាំកាយនោះចេញខាងក្រៅ មួយរយៈ ដែលមិនទាន់បែកធ្លាយ ។ បទថា អញ្ញថត្តំ ប្រែថា ជារបស់ ដទៃ ។ បទថា ឥន្ទ្រិយានំ វា វិបរិណាមំ បានដល់ ភាវៈ គឺឥន្ទ្រិយ មាន ចក្ខ្រុន្ទិយ និងសោត្រិន្ទិយជាដើម លះប្រក្រតីទៅ ។ បទថា តត្ថេវ វិកិរិ សេចក្តីថា ខ្ចាត់ខ្ចាយលើគ្រែតូចនោះឯង ក្នុងទីដែលនាំចេញមកខាងក្រៅ ។