ឧបវាណសន្ទិដ្ឋិកសូត្រទី ៨

ក្បាលទី 22 · ទំព័រ 395

គ្រានោះ ព្រះឧបវាណមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះព្រះឧបវាណមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែង និយាយថា ធម៌បុគ្គលឃើញច្បាស់ដោយខ្លួនឯង ធម៌បុគ្គលឃើញច្បាស់ដោយ ខ្លួនឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលបុគ្គលឃើញច្បាស់ដោយ ខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុដូចម្តេច ។ ម្នាលឧបវាណ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយកត់សម្គាល់នូវរូបផង កត់សម្គាល់នូវតម្រេកក្នុងរូបផង ដឹងច្បាស់នូវ តម្រេក ដែលមានក្នុងរូបខាងក្នុងថា អាត្មាអញមានតម្រេក ក្នុងរូបខាងក្នុង ផង ។ ម្នាលឧបវាណ ត្រង់ដែលភិក្ខុឃើញរូបដោយចក្ខុ ហើយកត់សម្គាល់ នូវរូបផង កត់សម្គាល់នូវតម្រេកក្នុងរូបផង ដឹងច្បាស់នូវតម្រេក ដែលមាន ក្នុងរូបខាងក្នុងថា អាត្មាអញមានតម្រេក ក្នុងរូបខាងក្នុងផង ។