អដ្ឋកថា ទុតិយឆផស្សាយតនសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការ របស់ផស្សៈទាំង ៦ ទេ ភិក្ខុនោះមិនឈ្មោះថា នៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុ នោះឈ្មោះថា ឆ្ងាយអំពីធម្មវិន័យនេះ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ យ៉ាងនេះហើយ ភិក្ខុមួយរូបក្រាបបង្គំទូល ព្រះមានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គ ដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គមិនបានដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈទាំង ៦ ឡើយ ។ ម្នាលភិក្ខុ អ្នកសម្គាល់នូវសេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរ ឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចក្ខុនោះ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិន មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈជាបឋមនុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន ។ បេ ។ អ្នកពិចារណាឃើញអណ្តាតថា នុ៎ះមិនមែនរបស់ អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញដូច្នេះដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញ អណ្តាតនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នកនឹង បានលះបង់ផស្សាយតនៈ ជាគម្រប់ ៤ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន ។